20

Apr

2022

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសគ្មានពេលឈ្លោះជាមួយអ្នកនយោបាយរត់ ចោលស្រុកមួយចំនួននោះឡើយ

វិទ្យុជាតិកម្ពុជា ៖ សុភា វិសិទ្ធិពង្ស ២៩.០៨.២០២៣

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសគ្មានពេលឈ្លោះជាមួយអ្នកនយោបាយរត់ ចោលស្រុកមួយចំនួននោះឡើយ គឺទុកពេលវេលាសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រប្រជាជន ។ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,០០០នាក់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ឯកឧត្តមបណ្ឌិតត្រូវផ្តោតអារម្មណ៍លើការដឹកនាំប្រទេស ដោះស្រាយបញ្ហានិងនាំប្រយោជន៍ជូនប្រជាពលរដ្ឋ គឺគ្មានពេលឆ្លើយតបនឹងក្រុមវាយប្រហារអគតិទាំងនោះឡើយ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតក៏បានបង្កើតក្រុមសារព័ត៌មានដើម្បីប្រមូលព័ត៌មានប្រចាំថ្ងៃ និងបង្កើតក្រុមអន្តរាគមន៍ពិសេសសម្រាប់ចុះដោះស្រាយចំពោះបញ្ហាបន្ទាន់ណាមួយ ក្នុងគោលបំណងផ្តល់យុត្តិធម៌និងសន្តិភាពជូនប្រជាជន ដែលទាំង នេះគឺជាទម្លាប់ដែលគណបក្សប្រជា ជនបានដឹកនាំជាង៤០ឆ្នាំ គឺការក្តាប់ជាប់គ្រប់ស្ថានការណ៍ដែលកើតមានក្នុងសង្គមកម្ពុជា ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានមានប្រសាសន៍បន្តថា ដូច្នេះចំពោះការរិះគន់ដើម្បីស្ថាបនា គឺឯកឧត្តមទទួលយកមកពិចារណា តែចំពោះការវាយប្រហារបង្កើតរឿងឥតប្រយោជន៍ គឺឯកឧត្តមមិនឆ្លើយ តបនោះទេ ដោយទុកឱ្យឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់ឯកឧត្តមជាអ្នកដោះស្រាយ ។ « មួយថ្ងៃមានត្រឹមតែ ២៤ ម៉ោង តើខ្ញុំអង្គុយ២៤ម៉ោងនេះចំណាយពេលដើម្បីកិច្ចឆ្លើយតបទៅលើការវាយប្រហារ ឬមួយយក ២៤ម៉ោងនេះគឺធ្វើការងាររដ្ឋ កសាងយន្តការថ្មីៗបម្រើប្រជាពលរដ្ឋ ស្ដាប់ប្រជាពលរដ្ឋតាមហ្វេសប៊ុក អ្វីដែលមានបញ្ហា គឺយើងត្រូវជួយ ធ្វើយ៉ាង ណាឱ្យរដ្ឋមន្ត្រីនីមួយៗធ្វើការងាររបស់ខ្លួន ដូច្នេះខ្ញុំគិតថាយកពេលវេលាដើម្បីបម្រើប្រជាពលរដ្ឋគឺល្អជាង ល្អជាងយកពេលវេលាទៅស្ដាប់អ្នកទាំងនោះ ហើយបើគាត់សប្បាយចិត្ត ក្នុងការដុតខ្លួនឯងឱ្យមានទោសៈ ជេរក៏ជេរចុះ នៅពេលដែលគាត់សម្រាកគឺគាត់មានកំហឹងជាប់រហូត តែប្រយ័ត្នហើយជេរខ្ញុំច្រើនគេងមិនលក់ នោះគឺកំហឹងច្រើនគេងតិចប្រយ័ត្ន ពាក់ព័ន្ធជាមួយនឹងសុខភាព ប្រយ័ត្នខូចសុខភាពខ្លួនឯង » ៕

Copyright 2022. All right reserved.