20
Apr
2022
សម្តេចតេជោហ៊ុនសែន រំលឹកពីការងារដែលសហគមន៍អឺរ៉ុប បានជួយកម្ពុជាកន្លងមក
វិទ្យុជាតិកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំលឹកពីការងារដែលបានធ្វើកន្លងមក ទាក់ទិនទៅនឹងសហគមន៍អឺរ៉ុប ដែលបានជួយកម្ពុជា ទី១ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទី២ជួយកសាងស្ថានីយ៍ទឹកស្អាតនៅបាក់ខែង ដែលបានជួយដល់រាជធានីភ្នំពេញ និងខេត្តជុំវិញមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ សម្តេចតេជោ មានប្រសាសន៍បែបនេះក្នុងឱកាសអនុញ្ញាតឱ្យលោក ជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហ ភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅវិមាន៧មករា ព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ នេះ ។ នៅក្នុងជំនួប សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានមានប្រសាសន៍ដោយសំដែងនូវសេចក្តីរីករាយ ដោយបានជួបលោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ មុនពេលលោកជំទាវបញ្ចប់បេសកកម្មការទូត ចាក ចេញពីប្រទេសកម្ពុជា ដើម្បីបន្តតំណែងជាឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំប្រទេសស្រីលង្កា និងម៉ាល់ឌីវ នាពេលខាងមុខ។ សម្តេចតេជោបន្តថា លោកជំទាវបានបំពេញការងារដ៏លំបាកនៅកម្ពុជា ពិសេសក្នុងដំណាក់កាល នៃការចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ_១៩ ក្នុងនោះសម្តេចបានសំដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការគ្រប់បែបយ៉ាងលើការប្រយុទ្ធប្រឆាំងទៅនិងជំងឺដ៏កាចសាហាវ ក្នុងនោះសហគមន៍អឺរ៉ុប បានផ្តល់វ៉ាក់សាំងប្រមាណជាង ៩៣ម៉ឺនដូស រួមទាំងឥណ ទានជិត៥០០លានដុល្លា ដល់កម្ពុជា ក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ_១៩។ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា ក្នុងរយៈពេល៤ឆ្នាំនៃការបំពេញបេសកកម្មការងារនៅកម្ពុជា បើទោះបីជាមានការលំបាក ប៉ុន្តែលោកជំទាវមានការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដែលទទួលបានពីរាជរដ្ឋាភិបាល ក៏ដូចជាគ្រប់ផ្នែកទាំងអស់ ពោលគឺកិច្ចសហប្រតិបត្តិការទាំងនោះ គឺវាទាក់ទំនងរវាងអាស៊ាន និងសហគមន៍អឺរ៉ុប។ លោកជំទាវក៏បានជំរាបជូនសម្តេចតេជោ ចំពោះជំនួបរបស់លោក ជំទាវ ជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានមាន ប្រសាសន៍បើកចំហចំពោះទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបបន្តទៅទៀត។ ក្នុងកិច្ចសន្ទនានោះដែរ សម្តេចតេជោបានរំលឹកពីការងារដែលបានធ្វើកន្លងមក ទាក់ទិនទៅនឹងសហគមន៍អឺរ៉ុប ដែលបានជួយកម្ពុជា ទី១ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ទី២ជួយកសាងស្ថានីយ៍ទឹកស្អាតនៅបាក់ខែង ដែលបានជួយដល់រាជធានីភ្នំពេញ និងខេត្តជុំវិញមានទឹកស្អាតប្រើ ប្រាស់គ្រប់គ្រាន់។ សម្តេចប្រធានគណបក្សក៏បានរំលឹកផងដែរ នូវកិច្ចប្រជុំកំពូលអាស៊ឹមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមរយៈវីដេអូអនឡាញ។ សម្តេចតេជោបន្តថា ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការគ្នាយ៉ាងល្អប្រសើរទេ គឺយើងពិតជាមិនអាចធ្វើឡើងប្រកបដោយរលូនភាពជោគជ័យនោះទេ ពោលគែយើងបានសម្របសម្រួលលើជំហនៃតំណាងរបស់សហភាពមីយ៉ាន់ម៉ារ ដែលរូបសម្តេចបានជួបនិងប្រធានសហគមន៍អឺរ៉ុបនៅគ្រប់ទីកន្លែងទាំងអស់ ដែលជំរុញឲ្យកិច្ចប្រជុំកំពូលអាស៊ឹមបញ្ចប់ទៅប្រកបដោយភាពជោគជ័យ ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក រវាងអាស៊ាន និងអឺរ៉ុប ដោយអឺរុបមានប្រទេសជាសមាជិកចំនួន២៧ និងអាស៊ានមានប្រទេសសមាជិក១០ និងទីម័រខាងកើត ដែលនឹងចូលជាសមាជិកពេញសិទ្ធិនាពេលខាង មុខ និងមានប្រជាជនជាង៦០០លាននាក់ ធ្វើឲ្យសេដ្ឋកិច្ចនិងផលប្រយោជន៍បំពេញឲ្យគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងលើភូមិសាស្រ្តនយោបាយ។ លោកជំទាវ ម៉ារីយា ដែល ខាមែន ម៉ូរេណូ មានប្រសាសន៍ថា កម្ពុជាមានបទ ពិសោធន៍ច្រើនក្នុងការផ្សះផ្សារជាតិ ខុសពីប្រទេសស្រីលង្កា ហើយក្រៅពីនោះកម្ពុជាមានបទពិសោធន៍ច្រើនលើវិស័យផ្សេងៗ ដូចជាវិស័យបោសសម្អាតគ្រាប់មីន សិទ្ធិ មនុស្ស ស្រ្តី។ លោកជំទាវបន្តថា លោក ជំទាវ នឹងមានឱកាសជួបសម្តេចនៅប្រទេសស្រីលង្កានាពេលខាងមុខ។ ជាការឆ្លើយតបសម្តេចមានប្រសាសន៍ថា សម្តេចខកខាងអញ្ជើញទៅប្រទេសស្រីលង្ការយៈ ពេល៤០ឆ្នាំមកហើយ ហើយកាលពី៤០ ឆ្នាំមុន ស្រីលង្កាមានការរីកចម្រើនលូត លាស់ជាងប្រទេសកម្ពុជាឆ្ងាយណាស់ ប៉ុន្តែស្រីលង្កាពេលនេះបានជួបនូវវិបត្តិសេដ្ឋកិច្ច មានការដួលរលំខាងសេដ្ឋកិច្ចយ៉ាង ធ្ងន់ធ្ងរ ៕




