20

Apr

2022

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការពន្លឿនចុះបញ្ជីនាវា និងទូកនេសាទ នៅខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

​ប្រជានេសាទ ដែលសុំស្នើចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួន នៅឆ្នាំ២០២៣នេះ រដ្ឋ បាលខេត្តព្រះសីហនុ នឹងបញ្ចុះតម្លៃ ៥០ភាគរយ។ ​នេះ៊ជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំ ស្តីពីការពន្លឿនចុះបញ្ជីនាវា និងទូកនេសាទ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល និងជាប្រធានជលផល នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កិច្ចប្រជុំ ស្តីពីការចុះបញ្ជីនាវា ទូកនេសាទនៅភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីជំរុញការលើកទឹកចិត្ត និងការផ្សព្វផ្សាយដល់ប្រជានេសាទឱ្យចូលមកស្នើសុំចុះបញ្ជីទូកនេសាទរបស់ខ្លួន រដ្ឋបាល ខេត្តនឹងបញ្ចុះតម្លៃ ៥០ភាគរយ សម្រាប់ឆ្នាំ២០២៣។ ​

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំឱ្យអាជ្ញាធរ ក្រុង ស្រុក មេឃុំ សង្កាត់ យកស្មារតីនៃអង្គប្រជុំទៅផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ ប្រជានេសាទ របស់ខ្លួន មន្ត្រីជំនាញត្រូវខិតខំជួយសម្របសម្រួលជូនពួកគាត់តាមនីតិវិធី ដូច្នេះសុំឱ្យ ប្រជានេសាទមកកាន់ច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ម្យ៉ាងទៀតជួយ កាត់បន្ថយពេលវេលា និងបង្កលក្ខណកាន់តែងាយស្រួលជូនពួកគាត់។

អង្គភាពច្រក ចេញចូលខេត្តត្រូវខិតខំជំរុញសម្របសម្រួលឯកសារឱ្យប្រជានេសាទដែលពួកគាត់មកសុំសេវា ត្រូវធ្វើយ៉ាងណាធ្វើជូនគាត់ភ្លាមៗឱ្យបានកាន់តែលឿន និងមានតម្លាភាព ដើម្បីឱ្យកម្ពុជា ចេញផុតពីកាតក្រហមរបស់សហភាព អឺរ៉ុប ត្រូវខិតខំអប់រំផ្សព្វផ្សាយដល់ប្រជានេសាទ នៅក្នុងសហគមចូលមកចុះបញ្ជីទូកនេសាទឱ្យបានទាន់ពេលវេលា ក្នុងតំណាក់កាល លើកទឹកចិត្ត ក្រោយការលើកទឹកចិត្តមានការផាកពិន័យ។ ​

ឯកឧត្តម ពុំ សេដ្ឋា បានមានប្រសាសន៍ថា បច្ចុប្បន្នទូកនេសាទនៅក្នុងខេត្តព្រះសីហនុ មិនទាន់បានចុះបញ្ជី បើទូកនេសាទណាបានចុះបញ្ជីហើយ យើងនឹងបំពាក់ឧបករណ៍ GPS ព្រោះសហភាពអឺរ៉ុប IU បានផ្តល់ថវិកាក្នុងការបំពាក់ឧបករណ៍ GPS តាមដានទូក នេសាទដែលបានចុះបញ្ជីរួច។ ការចុះបញ្ជីផ្តោតសំខាន់សម្រាប់ការគ្រប់គ្រងឱ្យមានតម្លាភាព ប្រសិទ្ធភាព និងការងារ ជួយសង្គ្រោះដោយឧបទ្ទហេតុណាមួយនៅក្នុងលម្ហសមុទ្រ។

តាមច្បាប់កម្ពុជា ទូកអូសមិនអនុញ្ញាតឱ្យអូសនៅក្រោមជម្រៅទឹក ២០ម៉ែត្រ ដូច្នេះអាជ្ញាធរ មូលដ្ឋាន និងសហគមន៍នេសាទ ត្រូវកំណត់ដែននេសាទសម្រាប់ទូកនេសាទ មានដូចជា អួនអូស ទូក លបក្តាម ត្រូវពង្រីកដែននេសាទនៅក្នុងសហគមន៍ ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សធនធានជលផលរបស់យើងឱ្យសម្បូរបែបបន្ថែមទៀតសម្រាប់ប្រជានេសាទ និង ការនេសាទនាំចេញ។ ដោយសារកម្ពុជា ជាប់កាតក្រហមរបស់សហភាពអឺរ៉ុបតាំងពីឆ្នាំ២០១៤ មានរយៈពេល ៩ឆ្នាំមកហើយ ការជំរុញចុះបញ្ជីនាវា ទូកនេសាទនេះ ដើម្បីដោះកាតក្រហមពី IU នៅពេលខាងមុខ។ ​សូមរម្លឹកថា នៅខេត្តព្រះសីហនុ មាន ២ក្រុង និង ៣ស្រុក មានទូកនេសាទតូច ធំ សរុបចំនួន ២ ៥២៣ទូក ហើយទូកដែលបានស្នើសុំបង់ពន្ធដែននេសាទមានចំនួន ៦៥ទូក៕ ដោយ ងូ សុមុនី

Copyright 2022. All right reserved.