
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីដែលយើងធ្លាប់ជឿជាក់ជាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ត្រូវបានគេជាន់ឈ្លីឱ្យក្លាយទៅជាឧបករណ៍នយោបាយដ៏សាមញ្ញមួយ ដែលត្រូវបានគេបង្វែរស្រេចតែចិត្ត ដើម្បីបម្រើផលប្រយោជន៍យុទ្ធសាស្ត្រដែលកំពុងប្រែប្រួលរបស់មហាអំណាចធំៗ។ សម្តេចតេជោបានគូសបញ្ជាក់ទៀតថា ជាការគួរឱ្យសោកស្តាយ មនុស្សជាតិហាក់ដូចជាបានបរាជ័យក្នុងការរៀនសូត្រពីមេរៀនដ៏ឈឺចាប់នៃប្រវត្តិសាស្ត្រ ហើយបន្ទាប់ពីការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកទាំងពីរលើក យើងបានតាក់តែងគោលការណ៍មនុស្សជាតិមួយចំនួនយ៉ាងច្បាស់លាស់រួចទៅហើយ ដើម្បីបង្ការកុំឱ្យយើងធ្លាក់ចូលទៅក្នុងជម្លោះសកលជាលើកទីបី។ ប៉ុន្តែជាអកុសល ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់ទាំងនេះ។

ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ផងដែរថា ដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីស្ថានភាពចលាចលជាប្រចាំនៅក្នុងអភិបាលកិច្ចសកល សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា យើងត្រូវពិនិត្យមើលឱ្យបានដិតដល់នូវនិន្នាការជារចនាសម្ព័ន្ធធំៗចំនួនបី ដែលជះឥទ្ធិពលលើទិដ្ឋភាពអន្តរជាតិ៖ ទី១. ការកែសម្រួលរចនាសម្ព័ន្ធនៃតុល្យភាពអំណាចជាប្រចាំ ដែលស្តែងឡើងតាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងមិនថមថយរវាងមជ្ឈមណ្ឌលអំណាចចាស់ និងមជ្ឈមណ្ឌលអំណាចដែលកំពុងលេចឡើងថ្មី។ ការប៉ះទង្គិចរបស់ពួកគេបានបង្កើតឡើងនូវវិបត្តិជាប្រចាំ និងភាពមិនរៀបរយនៃរចនាសម្ព័ន្ធ។ ទី២. ការយកអ្វីៗគ្រប់យ៉ាងធ្វើជាអាវុធ៖ នាពេលបច្ចុប្បន្ននេះ អ្វីៗគ្រប់យ៉ាងចាប់ពីសេដ្ឋកិច្ច និងបច្ចេកវិទ្យា រហូតដល់ធនធានធម្មជាតិ និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ត្រូវបានបំប្លែងទៅជាឧបករណ៍ផ្ទាល់នៃការបង្ខិតបង្ខំ និងការធ្វើសង្គ្រាម។ ទី៣. ភាពស្រពិចស្រពិលនៃខ្សែខណ្ឌចែករវាងសង្គ្រាម និងសន្តិភាព៖ ការណ៍នេះត្រូវបានស្តែងឡើងតាមរយៈការប្រើប្រាស់យុទ្ធវិធីប្រផេះដែលរុញច្រានស្ថានការណ៍ឱ្យដល់កម្រិតសង្គ្រាមយោធាបែបប្រពៃណី ប៉ុន្តែទន្ទឹមនេះ លក្ខណៈរចនាសម្ព័ន្ធគឺមិនបានផ្តល់នូវសន្តិភាពពិតប្រាកដនោះទេ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើបណ្តែតបណ្តោយដោយគ្មានការទប់ស្កាត់ បណ្តាប្រទេសនានាអាចប្រើប្រាស់ល្បិចកលទាំងនេះដោយចេតនា ដើម្បីជំរុញយុទ្ធសាស្ត្រឈ្លានពានបែប «ហាន់ចំណិតសាច់ក្រក» តម្រូវឱ្យមហិច្ឆតាទាមទារយកទឹកដីចាស់មកវិញ ដែលផ្ទុយពីច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ «ខ្សែព្រំដែនមិនកែប្រែ»។ នេះជាការពិតដ៏ជូរចត់មួយ ដែលថា កិច្ចព្រមព្រៀងឈប់បាញ់ជារឿយៗ គឺគ្មានអ្វីក្រៅពីក្រដាសមួយសន្លឹកនោះទេ ដែលមិនអាចធានាសន្តិភាពស្ថិតស្ថេរ បង្កើតទំនុកចិត្ត ឬការពារអាយុជីវិតប្រជាជនស្លូតត្រង់បានឡើយ៕
ដោយ៖ ចាន់ សុភឿន


