២៣

តុលា

២០២៣

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យគណៈប្រតិភូនៃមជ្ឈមណ្ឌលជំនាញ និងដោះមីនមនុស្សធម៌នៃសាធារណរដ្ឋអាមេនី ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីវិស័យសកម្មភាពមីននៅកម្ពុជា

TVK រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Vaghinak Sargsyan នាយកមជ្ឈមណ្ឌលជំនាញ និងដោះមីនមនុស្សធម៌នៃសាធារណរដ្ឋអាមេនី (CHDE) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់អំពីការដឹកនាំវិស័យសកម្មភាពមីននៅកម្ពុជា ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអាមេនី ដែលបានបំពេញបេសកកម្មនៅកម្ពុជា ក្នុងការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍អំពីការដឹកនាំ និងការគ្រប់គ្រងវិស័យសកម្មភាពមីន។

ក្នុងកំឡុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន គណៈប្រតិភូអាមេនី បានចុះពិនិត្យ និងសិក្សាស្វែងយល់អំពីសកម្មភាពហ្វឹកហ្វឺន សកម្មភាពបោសសម្អាតមីន និងការអភិវឌ្ឍលើផ្ទៃដីបោសសម្អាតមីនរួច ក្រោមកិច្ចប្រតិបត្តិការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ជាមួយគ្នានោះ គណៈប្រតិភូអាមេនី ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំរបស់អាជ្ញាធរមីន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម៕

អត្ថបទដោយ៖ Sothun, ផ្សាយដោយ៖ ប៉ោ កុសល

©2023, រក្សាសិទ្ធិដោយក្រសួងព័ត៌មាន