២៣

តុលា

២០២៣

ឯកឧត្តម វង សូត អនុញ្ញាតឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋ​ទូត​នៃសាធារណរដ្ឋ​សង្គម​និយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

TVK រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឲ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនេះ ឯកឧត្តម វង សូត បានសម្តែងការពេញចិត្តចំពោះប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសភូមិផង មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាប្រពៃណី​ជាមួយគ្នា។ រហូតមកដល់សព្វថ្ងៃ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយគ្នាលើកគ្រប់វិស័យ។ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសម្តែងការអបអរសាទរ និងមានមោទនភាពចំពោះប្រទេសទាំងពីរដែល សម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវការរៀបចំខ័ណ្ឌសីមា រវាងប្រទេសទាំងពីរ បានប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ និងសង្ឃឹមថាប្រទេសទាំងពីរ និងសម្រេច បាននូវការព្រមព្រៀងលើព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។ នៅក្នុងឱកាសនេះឯកឧត្តម វង សូត ក៏បានថ្លែងអំណរគុណចំពោះមិត្តវៀតណាម ដែលតែងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារាប់តាំងពីការជួយស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម បានអរគុណចំពោះជំនួយរបស់វៀតណាមក្នុងការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា និងបានសំណូមពរដល់ ឯកឧត្តមអគ្គរដ្ឋទូត ជួយជំរុញដោះស្រាយបញ្ហាផ្សេងក្នុងការ បញ្ចប់ការងារសាងសង់ឲ្យបានឆាប់។

ក្នុងក្របខ័ណ្ឌនិតិប្បញ្ញត្តិ រដ្ឋសភាប្រទេសទាំងពីរ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា ក្នុងគ្រប់កម្រិត។ ជាអាទិ៍ ថ្មីៗនេះរដ្ឋសភាប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ បានធ្វើទស្សនកិច្ចសិក្សារួមគ្នាទៅកាន់តំបន់ត្រីកោណ ដើម្បីស្វែងយល់អំពីតម្រូវការរបស់ប្រជាជននៃខេត្តនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងបី សំដៅស្វែងរកការអភិវឌ្ឍរួមគ្នា ប្រែក្លាយតំបន់នេះ ទៅ​ជាតំបន់នៃការអភិវឌ្ឍ និង​កិច្ចសហ​ប្រតិបត្តិការ។

ជាការឆ្លើយតប ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ដែលបានអនុញ្ញាតឲ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានអបអរសាទរចំពោះកម្ពុជា ដែលទទួលជោគជ័យក្នុងការរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការរៀបចំរក្បាលម៉ាស៊ីនដឹកនាំ រដ្ឋសភា និងរដ្ឋាភិបាលថ្មីដោយរលូន។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការថ្មីៗបន្ថែមទៀត។ ឯកឧត្តម ក៏បានសំណូមពររដ្ឋសភាកម្ពុជា ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាកន្លងមក ព្រមទាំងបន្តការសហការគ្នាលើការឃោសនាអប់រំ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់អំពីទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

នៅក្នុងឱកាសនេះ ឯកឧត្តម វង សូត បានគាំទ្រ និងឯកភាពចំពោះប្រសាសន៍របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលទាំងពីរ ក្នុងការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវដែក រវាងប្រទេសទាំងពីរ ដែលផ្តួចផ្តើមឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។ ឯកឧត្តម បានគូសបញ្ជាក់ថា នេះជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕

អត្ថបទដោយ៖ Sothun, ផ្សាយដោយ៖ ប៉ោ កុសល

©2023, រក្សាសិទ្ធិដោយក្រសួងព័ត៌មាន