២៣

តុលា

២០២៣

ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង

APP MoINFO  រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣

ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តម-ក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោកជំទាវ ចាតសូ រស្មី ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ជំនួស ឯកឧត្តម រស់ សារាំ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីអភិបាលនៃគណៈអភិបាលខេត្តកោះកុង តំណាងនៃប្រធានក្រុមប្រឹក្សាខេត្តកោះកុង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍សីហនុ ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះ លោកជំទាវ ចាតសូ រស្មី ដែលត្រូវបានផ្ទេរ និងតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម រស់ សារាំ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ដែលបានគាំទ្រ និងផ្តល់ការសហការបានល្អប្រសើរ ក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ កន្លងទៅនេះ ជាពិសេសការខិតខំអនុវត្តភារកិច្ចក្នុងការធ្វើចំណាត់ការរឿងក្តីព្រហ្មទណ្ឌទាន់ពេលវេលា ពុំឱ្យមានការកក់ស្ទះ ហើយក៏បានស្នើឱ្យបន្តនូវកិច្ចសហការដ៏ល្អនេះទៀត។ ឆ្លៀតក្នុងឱកាសជួបជុំគ្នាដ៏វិសេសវិសាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់ផ្សេងៗ អំពីទិសដៅការងារកែទម្រង់វិស័យ យុត្តិធម៌ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ កិច្ចការនេះ នៅតែជាអាទិភាព ដែលជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១។

ផ្អែកតាមការប្រគល់ភារកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក្រសួងយុត្តិធម៌បាននិងកំពុងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តវិធានការគន្លឹះទី៥ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឱ្យបានចេញជាលទ្ធផលនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា នូវកិច្ចការអាទិភាពគឺ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឿនការដោះស្រាយសំណុំរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័ស (ទី៣)-ការត្រួតពិនិត្យ និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ឆ្លើយតបនឹងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងយុត្តិធម៌បានរៀបចំផែនការសកម្មភាពសម្រាប់យុទ្ធនាការសំខាន់ៗចំនួន ៣ ដែលត្រូវបានចាត់ទុកជាបទបញ្ជា និងទិសដៅការងារដ៏មុតស្រួចដែលត្រូវអនុវត្ត គឺ៖ (ទី១)-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ, (ទី២)-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (ទី៣)-យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ជារួម យុទ្ធនាការដ៏មានសារៈសំខាន់ទាំង ៣ នេះ មានសសរស្តម្ភ ចំនួន ២ គឺ សសរស្តម្ភទី១-ការកែទម្រង់លើការដោះស្រាយវិវាទក្នុងប្រព័ន្ធតុលាការ និងសសរស្តម្ភទី២-ការកែទម្រង់លើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសសរស្តមទាំងពីរនេះមាននៅក្នុងច្បាប់ ហើយស្របច្បាប់។

ថ្លែងក្នុងវេទិការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនអង្គពិធីអំពីគោលបំណង និងភាពចាំបាច់នានាក្នុងការដាក់ចេញនូវយុទ្ធនាការទាំង ៣ នេះ ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖ ទី១-យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ គឺជាយុទ្ធនាការដែលមានទិសដៅធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន និងឆាប់រហ័ស ដែលគ្របដណ្តប់ទាំងលើរឿងក្តីរដ្ឋប្បវេណី ទាំងលើរឿងក្តីព្រហ្មទណ្ឌ និង សម្រាប់តុលាការគ្រប់ជាន់ថ្នាក់ ដោយរួមទាំងអង្គការអយ្យការផងដែរ ។ ទី២-យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយុទ្ធនាការដែលមានលក្ខណៈស្របទៅនឹងស្ថានភាពជាក់ស្តែង នៅក្នុងសង្គម និងស្របតាមប្រពៃណីរបស់អ្នកស្រុកនៅកម្ពុជា និងមានមូលដ្ឋានគ្រឹះមួយដ៏ធំ គឺនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានពន្លត់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ និងការបែកបាក់ជាតិ ដែលកម្ពុជាទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍ ឯកភាពជាតិ និងការបង្រួបបង្រួមអធិបតេយ្យភាព និងបូរណភាពទឹកដី។ យុទ្ធនាការនេះមានគោលបំណងសំខាន់ៗ ចំនួន ៤ គឺ៖ (ទី១)-ជួយកាត់បន្ថយចំនួនសំណុំរឿង និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះ, (ទី២)-បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី៣)-ធានាបាននូវភាពសុខដុមរមនាក្នុងសហគមន៍ និងសង្គមជាតិ តាមរយៈការព្យាយាមសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ និង (ទី៤)-ដំណោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាមានភាពងាយស្រួលក្នុងការអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការថ្នាក់ជាតិក្នុងការដឹកនាំ និង អនុវត្តយុទ្ធនាការនេះ នឹងត្រូវដាក់បញ្ចូលជារបៀបវារៈមួយ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាពេលដ៏ខ្លីខាងមុខនេះ។ ការបង្កើតអាជ្ញាធរជាតិនេះ គឺដើម្បីបំពេញបន្ថែមលើយន្តការដែលមានស្រាប់ និងអាចឆ្លើយតបនឹងតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ដែលចង់បាននូវដំណោះស្រាយវិវាទមួយ និងជាដំណោះស្រាយវិវាទដែលគូភាគីវិវាទទាំងអស់អាចទទួលយកបាន ហើយអាជ្ញាធរជាតិនឹងរៀបចំឱ្យមានក្រុមចល័តចុះធ្វើការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្តង។ ទន្ទឹមនេះ ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទរបស់អាជ្ញាធរជាតិ ក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ សម្រាប់កិច្ចដំណើរការនៃការសម្រុះសម្រួលផ្សះផ្សាវិវាទត្រូវបានកំណត់ ជាពិសេស កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ នឹងទទួលបានតម្លៃគតិយុត្តជាភស្តុតាងរឹងមាំ និងមានអានុភាពជាលិខិតអនុវត្តដូចសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។ ទី៣-យុទ្ធនាការត្រួតពិនិត្យ និង ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ មានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១)-ការបង្កើតច្រក និងយន្តការសម្រាប់ទទួលបណ្តឹងអំពីភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីជួយត្រួតពិនិត្យ និង ជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពិសេស ប្រជាពលរដ្ឋក្រីក្រ និង ជនងាយរងគ្រោះក្នុងសង្គម, (២)-ការចូលរួមដោះស្រាយភាពអយុត្តិធម៌ និង ភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ សំដៅលើកកម្ពស់ភាពយុត្តិធម៌ នៅក្នុងចំណាត់ការរឿងក្តីដោយតុលាការ និង (៣)-ការលើកកម្ពស់តម្លាភាព សុចរិតភាព ភាពស្អាតស្អំ និងភាពត្រឹមត្រូវ នៅក្នុងប្រព័ន្ធតុលាការ ។

ជារួម យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ផ្តោតការយកចិត្តទុកដាក់លើការត្រួតពិនិត្យលើគុណភាពនៃសេចក្តីសម្រេចរបស់តុលាការ និងប្រសិទិ្ធភាពនៃចំណាត់ការរឿងក្តីរបស់តុលាការ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំ និងផ្តាំផ្ញើដល់ លោកជំទាវ ព្រះរាជអាជ្ញាថ្មីនៃអយ្យការអមសាលាដំបូងខេត្តកោះកុង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីក្នុងវិស័យយុត្តិធម៌ទាំងអស់ រួមមាន៖ (១)-ត្រូវពង្រឹងប្រសិទ្ធភាពចំណាត់ការសំណុំរឿង ឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងតម្លាភាព ជាអាទិ៍ បទល្មើសគ្រឿងញៀន សម្អាតប្រាក់ ជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសឆក់ ប្លន់ ដើម្បីរួមចំណែកអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” និងត្រូវអនុវត្តទោសបន្ថែមដែលជាការបណ្តេញចេញពីកម្ពុជាចំពោះជនល្មើសជាជនបរទេស ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។ (២)-នៅពេលជំនុំជម្រះក្តី ត្រូវវៀរចាកអគតិទាំង ៤ ប្រការគឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ និងត្រូវប្រកាន់យកសុគតិធម៌ទាំង ៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។ (៣)-ត្រូវបន្តពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ តាមគ្រប់មធ្យោបាយ រៀបចំសមាសភាពមន្ត្រីដើម្បីទទួលការបណ្តុះបណ្តាលបន្ត ហើយមន្ត្រីគ្រប់រូបក្នុងវិស័យយុត្តិធម៌ ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។ (៤)-ត្រូវពង្រឹងគុណភាពនៃការតាក់តែងសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ត្រូវមានសំអាងហេតុ និងសំអាងច្បាប់ជាមូលដ្ឋានរឹងមាំ ងាយយល់ ច្បាស់លាស់ គ្រប់គ្រាន់ ត្រឹមត្រូវ និងយុត្តិធម៌ ជាសាលក្រម/សាលដីកាគំរូ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ស្នើសុំឱ្យមន្រ្តីអនុវត្តច្បាប់ដែលមានការពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាផ្តល់កិច្ចសហការពេញលេញ ធានាឱ្យសេចក្តីសម្រេចរបស់តុលាការត្រូវបានអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋនៅកម្ពុជា។ (៥)-ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន គឺ“ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាក់ទងនឹងការកែទម្រង់ទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ត្រូវមានចក្ខុវិស័យច្បាស់លាស់ មានការប្តេជ្ញាចិត្តខ្ពស់ មានការចូលរួមដោយស្មោះត្រង់ និងការលះបង់” ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ជាពិសេស ការត្រៀមលក្ខណៈគ្រប់បែបយ៉ាង និងការបង្ហាញនូវភាពជាអ្នកដឹកនាំ ដើម្បីចូលរួមអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ៕

ប្រភព៖ ក្រសួងយុត្តិធម៌, ផ្សាយដោយ៖ ប៉ោ កុសល

©2023, រក្សាសិទ្ធិដោយក្រសួងព័ត៌មាន