២៣

តុលា

២០២៣

បទយកការណ៍៖ ស្ពានហាល ដែលជាច្រកសំខាន់ចូលទៅប្រាសាទអង្គរវត្ត ជួសជុលរួចសម្រេច១០០% ដោយប្រើរយៈពេល ២៧ឆ្នាំ

AKP សៀមរាប ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣​ --

ប្រាសាទអង្គរវត្ដបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិឱ្យចូលមកទស្សនាកម្សាន្ដនៅតាមប្រាសាទបុរាណនានា នៅក្នុងរមណីយដ្ឋានអង្គរ ដែលស្ថិតក្នុងទឹកដី ខេត្ដសៀមរាប។ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍មុនគេនោះ នៅពេលដែលយើងទៅដល់នៅខាងមុខប្រាសាទអង្គរវត្ដគឺអាចក្រឡេកមើលឃើញមានស្ពានឆ្លងកាត់នៅចំពីមុខប្រាសាទ ដែលមានបង្កាន់ដៃនាគ នៅអមសងខាងផ្លូវចូល និងមានទឹកព័ន្ធជុំវិញប្រាសាទដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្ដរជាតិឆ្លងទៅទស្សនាតាមប្រាសាទនានា។

ដូចដែលបងប្អូនប្រជាពលរដ្ឋកម្ពុជាបានដឹងស្រាប់ហើយថា ច្រកចូលសំខាន់(ស្ពានហាល) របស់ប្រាសាទអង្គរវត្តបានជួសជុលរួចរាល់ជាស្ថាពរហើយ បន្ទាប់ពីចំណាយពេលជួសជុលប្រមាណ ២៧ឆ្នាំ ដោយពុំគិតការជួសជុលកាលទសវត្សរ៍ទី៦០ ហើយគ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានហាលនៅច្រកខាងលិចនៃប្រាសាទអង្គរវត្ត មានប្រវែង ១៩០ម៉ែត្រ ទទឹង១១,៦០ម៉ែត្រ និងមានកម្ពស់៤ម៉ែត្រ ត្រូវបានសាងសង់ពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់ របស់ប្រាសាទអង្គរវត្ត ដែលត្រូវបានសាងសង់ក្នុងចន្លោះឆ្នាំ១១១៣ រហូតដល់ឆ្នាំ១១៥០។ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ស្ពានហាលនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ភ្ញៀវអ្នកទេសចរជាតិ និងអន្តរជាតិ ហើយក៏ជាច្រកសម្រាប់ឆ្លងកសិណទឹកដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចហើយ អាជ្ញាធរជាតិអប្សរាក៏នឹងកំណត់ទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរជាតិ អន្ដរជាតិ ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនាដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ។

លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះថា នៅក្នុងអំឡុងទសវត្សទី៦០ សាលាបារាំងចុងបូព៌ា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស រមណីយដ្ឋានអង្គរនៅក្នុងសម័យកាលនោះ បានជួសជុលស្ពានហាលនេះ មួយចំហៀងនៅប៉ែកខាងត្បូងស្ពានរួចរាល់ហើយ។ ចំណែកចំហៀងស្ពាននៅភាគខាងជើងមានប្រវែង ១៩០ម៉ែត្រ ទទឹង ៥,៥ម៉ែត្រ គឺមិនទាន់បានជួសជុលទេ។ លោក ឡុង កុសល បានបញ្ជាក់បន្ថែមថា នៅឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយនឹងសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន បានបន្តកិច្ចការជួសជុលចំណែកស្ពានហាលដែលនៅសេសសល់នេះ បានមួយកំណាត់ប្រវែងជាង ៩០ម៉ែត្របន្ថែមទៀត ដែលចំណាយពេលអស់រយៈពេលប្រមាណ១២ឆ្នាំ ដោយប្រើថវិកាដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងថវិកាជាតិតាមរយៈអាជ្ញាធរជាតិអប្សរា។

លោកអគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ស្ពានហាលនេះ គឺជាស្ពានដ៏សំខាន់សម្រាប់ភ្ញៀវអ្នកទេសចរជាតិ និងអន្តរជាតិ ឆ្លងកសិណទឹកដែលព័ទ្ធជុំវិញប្រាសាទអង្គរវត្ត ហើយការជួសជុលស្ពានត្រូវបានប្រើប្រាស់ដោយឧបករណ៍ទំនើបទាន់សម័យដែលជាជំនួយរបស់ជប៉ុន ប៉ុន្តែត្រូវតែរក្សាភាពដើមរបស់ស្ពានជាដាច់ខាត។

នៅក្នុងឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ ដែលកាលនោះជាអគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្ដ្រាចារ្យ យូស៊ីអាគី អ៊ីស៊ីហ្សាវ៉ា បានលើកឡើងពីគម្រោងជួសជុលស្ពានហាលក្នុងដំណាក់កាលទី២ជាបន្តទៀត ដោយភាគីជប៉ុននឹងផ្ដល់អ្នកជំនាញការបច្ចេកទេស ព្រមទាំងសម្ភារបច្ចេកទេសទំនើបៗ ដើម្បីងាយស្រួលក្នុងកិច្ចការជួសជុល ហើយអាជ្ញាធរជាតិអប្សរា រួមចំណែកសហការគ្នាដោយទទួលបន្ទុកចំណាយ លើប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងទៀតសម្រាប់អ្នកជំនាញ ជាងចម្លាក់ កម្មករជំនាញពាក់ព័ន្ធផ្សេងៗទៀត។ ដោយឡែក ដើម្បីសម្រួលដល់ការចូលទស្សនាប្រាសាទអង្គរវត្ត និងចៀសវៀងគ្រោះថ្នាក់ផ្សេងៗដល់ភ្ញៀវទេសចរ ដែលត្រូវធ្វើដំណើរឆ្លងកាត់ ក្នុងពេលកំពុងដំណើរការជួសជុល អាជ្ញាធរជាតិអប្សរា ក៏បានសាងសង់ស្ពានវាងមួយជាបណ្តោះអាសន្ន សម្រាប់ភ្ញៀវទេសចរ ចូលទស្សនាប្រាសាទអង្គរវត្ត។

ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានកសាងឡើងក្នុងរជ្ជកាល ព្រះបាទសូរិយាវរ្ម័នទី២ ដែលជាសម័យកាលនៃភាពរុងរឿងរបស់អាណាចក្រខ្មែរ ហើយជាប្រាសាទបែបសាសនាដ៏ធំជាងគេបំផុតនៅលើពិភពលោក។ ថ្មីៗនេះ ក្រោមការគ្រប់គ្រងរបស់ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីបន្ថែមទៀត ជាពិសេសគឺភាពបៃតងស្រស់គ្រប់រដូវកាល តាមរយៈការដាំដើមឈើកាន់តែច្រើននៅបរិវេណខាងមុខប្រាសាទ រួមជាមួយនឹងអនាម័យ និងបរិស្ថានកាន់តែប្រសើរឡើង។

យោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាសូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ជ្រាបថា ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន គម្រោង អភិរក្ស និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់រួចរាល់ជាស្ថាបពរ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត" ក្រោមព្រះរាជាធិបតីភាពដ៏ថ្លៃថ្លាបំផុតនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ ជាមួយគ្នានេះ ក្នុងន័យដើម្បីគ្រប់គ្រងនូវលំហូរការទស្សនានៅប្រាសាទអង្គរវត្តឱ្យបានល្អប្រសើរ ក្រោយព្រះរាជពិធីសម្ពោធជាផ្លូវការខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងកំណត់ទិសដៅទស្សនា រួមមាន ១- ប្រើប្រាស់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ជាច្រកចូលសម្រាប់ការទស្សនា និង ២- បន្តប្រើប្រាស់ស្ពានបណ្តែតទឹកប្រាសាទអង្គរវត្ត ជាច្រកចេញសម្រាប់ការទស្សនា៕

ដោយ ឃុត សៅ

©2023, រក្សាសិទ្ធិដោយក្រសួងព័ត៌មាន