១៤

មីនា

២០២៦

រាជរដ្ឋាភិបាលកំពុងការពារបូរណភាពដែនដី និងអាយុជីវិតប្រជាពលរដ្ឋយ៉ាងម៉ឺងម៉ាត់តាមរយៈយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»

MoINFO APP

ស្រុកអង្គស្នួល៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានជម្រាបដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ ពីកិច្ចខិតខំយ៉ាងខ្លំាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ ដែលបានកំពុងប្រើប្រាស់យុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម » ដើម្បីតតាំងនឹងការឈ្លានពាន និងការគំរាមកំហែងពីខាងក្រៅ ក្នុងគោលបំណងការពារបូរណភាពដែនដី និងសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល សម្តេច បានអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមជាង ៥០០នាក់។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា មាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពនៅកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាឈ្លានពានរបស់ប្រទេសថៃ តាមរយៈយន្តការការទូតសន្តិភាពស្របតាមច្បាប់ជាតិ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី បានតម្កល់បូរណភាពដែនដី និងអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងយន្តការទ្វេភាគី។

សម្តេចរដ្ឋសភាធិបតី បានបន្ថែមថា ការប្រើប្រាស់វិធីសាស្រ្តនេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពតានតឹង និងជួយការពារអាយុជីវិតប្រជាពលរដ្ឋជាច្រើន។ ជាក់ស្តែង ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ អាចវិលត្រឡប់ទៅកាន់គេហដ្ឋាន និងបន្តជីវភាពរស់នៅធម្មតាវិញបាន ខណៈដែលជនភៀសខ្លួនប្រមាណជាង ៥ម៉ឺននាក់ ក៏កំពុងទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ហើយសង្ឃឹមថាពួកគាត់នឹងអាចវិលទៅកាន់ភូមិឋានរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងការគិតគូរខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ផងដែរ។

សម្តេចប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានលើកឡើងពីសកម្មភាពការទូតរបស់កម្ពុជា ក្នុងការរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជាក់ស្តែង កម្ពុជាបានចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីខែមករា ឆ្នាំ២០២៦ ប្រកបដោយជោគជ័យនិងជាមោទនភាពរបស់កម្ពុជា។ ក្នុងបេសកកម្មការទូតនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំ និងមានជំនួបការទូតជាមួយថ្នាក់ដឹកនាំអន្តរជាតិជាច្រើន ព្រមទាំងផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិល្បីៗ ដូចជា Reuters និង Fox News ដើម្បីបង្ហាញពីជំហររបស់កម្ពុជា និងលាតត្រដាងអំពីការរំលោភមកលើអធិបតេយ្យ របស់កម្ពុជាពីសំណាក់ប្រទេសថៃ ដល់អន្តរជាតិបានដឹងផងដែរ។

ជាមួយគ្នានេះ អង្គពិធីក៏បានអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម និងការលើកកម្ពស់សិទ្ធិស្ត្រី។ បើគ្មានសន្តិភាពទេ ក៏មិនអាចមានការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពបានឡើយ។

កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដឹកនាំរបស់គណបក្ស ចាប់តាំងពី សម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ បានបន្តលើកកម្ពស់សិទ្ធិស្ត្រី និងផ្តល់ភាពអង់អាចដល់ស្ត្រី ឱ្យមានឱកាសចូលរួមជាអ្នកធ្វើសេចក្ដីសម្រេចចិត្តក្នុងការងារផ្សេងៗ ទាំងក្នុងកម្រិតការងារដឹកនាំ និងការងារសង្គម។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដោយចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ។ ស្ត្រីត្រូវបានលើកទឹកចិត្តតាមរយៈការដាក់ចេញនូវពាក្យស្លោក «ជួយស្ត្រីដូចជាខ្លួនឯង ហើយពិភពលោកនឹងកាន់តែស្រស់បំព្រង សុវត្ថិភាព និងកក់ក្តៅ ប្រសិនមានស្ត្រីជាអ្នកដឹកនាំកាន់តែច្រើន»។

សម្តេចបានបញ្ជាក់ថា នៅក្នុងបរិបទដែលពិភពលោកហ៊ុមព័ទ្ឋដោយសង្រ្គាម សណ្តាប់ធ្នាប់ពិភពលោកធ្លាក់ចុះ ព្រមទាំងកម្ពុជាយើងរងការឈ្លានពានពីប្រទេសថៃ នោះយើងត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ និងបង្កើនស្មារតីម្ចាស់ការ ពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់ ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថា គ្មាននរណាម្នាក់អាចការពារអនាគត និងជោគវាសនារបស់យើងបានល្អជាងខ្លួនយើងផ្ទាល់នោះឡើយ សមដូចពុទ្ធភាសិតថា «អត្តាហិ អត្តនោ នាថោ» មានន័យថា ខ្លួនជាទីពឹងរបស់ខ្លួន។ កម្ពុជាត្រូវតែកសាងសមត្ថភាពការពារជាតិឱ្យកាន់តែរឹងមាំ និងមានភាពធន់ខ្ពស់ ដើម្បីបង្កើនអានុភាពក្នុងការបង្ការ ទប់ស្កាត់ និងប្រឆាំងចំពោះការគំរាមកំហែង ឬការប៉ុនប៉ងឈ្លានពានណាមួយមកលើមាតុភូមិរបស់ខ្លួន។

សម្តេចមានប្រសាសន៍បន្តថា ទោះបីជាយើងកំពុងជួបនូវវិបត្តិពីសង្រ្គាមកម្ពុជា-ថៃ សង្រ្គាមនៅមជ្ឈឹមបូព៌ា និងនៅតំបន់ផ្សេងៗទៀតក្នុងពិភពលោកក៏ដោយ ក៏យើងមិនអាចទន់ជ្រាយបណ្តែតបណ្តោយខ្លួនទៅតាមសភាពការណ៍ទាំងនេះបានទេ។ យើងត្រូវស្ទុះស្ទាបន្តទៅមុខជាមួយឆន្ទៈពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ព្រោះថាតាមបរិបទពិភពលោកបច្ចុប្បន្ននេះ មានតែខ្លួនយើង ជួយខ្លួនឯងទេ។ យើងត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ច ទីផ្សារ និងបង្កើនផលិតភាពសហគ្រាសធុនតូច និងមធ្យម ដែលបានកំពុងដើរតួជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ សម្តេចបានលើកឡើងពីភាពធន់ជាតិ ដែលទាមទារនូវការចូលរួមរបស់យើងទាំងអស់គ្នា។ ភាពធន់ជាតិ មានន័យថា យើងទាំងអស់គ្នាជាកោសិកាសង្គម ត្រូវមានសមត្ថភាពទប់ទល់នឹងវិបត្តិដែលកំពុងកើតមានឡើង ត្រូវមានសាមគ្គីភាព និងឯកភាព កាន់ដៃគ្នាឆ្ពោះទៅមុខដោយប្រែក្លាយបញ្ហាប្រឈមនានាទៅជាឱកាសដើម្បីបន្តរស់នៅតទៅមុខទៀត។

សូមជម្រាបថា លោកជំទាវ ពេជ្រ ពុទ្ធិសាធ បូព៌ានាគី រដ្ឋលេខាធិការក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវបានតែងតាំងជាប្រធានក្រុមការងារចលនាស្ត្រីគណបក្សចុះជួយស្រុកអង្គស្នួល។

សម្តេចរដ្ឋសភាធិបតី បានណែនាំឱ្យក្រុមការងារទាំងអស់ បន្តពង្រឹងការរៀបចំអង្គការចាត់តាំងនៅមូលដ្ឋាន ទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងការងារអង្គការ។ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ និងសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ឱ្យដល់ស្ត្រីនៅគ្រប់មូលដ្ឋាន ព្រមទាំងត្រូវធ្វើជាគំរូល្អទាំងការងារ ជីវភាពរស់នៅ និងសាមគ្គីភាពផ្ទៃក្នុងគណបក្ស។ សមាជិកគណបក្សគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈថា ខ្លួនជា «អ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋ» ហើយត្រូវបន្តខិតខំកសាងកម្លាំងគាំទ្រគណបក្ស តាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដោយចាត់ទុកសមាជិកម្នាក់ជាសន្លឹកឆ្នោតមួយសន្លឹក ដើម្បីធានាឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ និងបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់គោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនគ្រួសារវីរកងទ័ព កងកម្លាំងប្រដាប់អាវុធ ដែលបានពលិកម្មគ្រប់បែបយ៉ាងទំាងកម្លំាងកាយចិត្ត និងអាយុជីវិតក្នុងបុព្វហេតុជាតិ និងទឹកដី។ សម្តេចបានអរគុណប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញស្មារតីស្នេហាជាតិ ឯកភាពជាតិ និងសាមគ្គីភាពរឹងមាំ ចូលរួមគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដើម្បីលើកទឹកចិត្តកងកម្លាំងរបស់យើងក្នុងការការពារបូរណភាពដែនដី និងបានជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ប្រកបដោយភាពហ្មត់ចត់ ឈ្លាសវៃ តាមរយៈការចរចាការទូត និងការប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ៕ ដោយ៖ កន ចំណាន

©2023, រក្សាសិទ្ធិដោយក្រសួងព័ត៌មាន