១៤
មីនា
២០២៦
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួមទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥
MoINFO APP
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ ដែលធ្វើឡើងនៅក្នុងវត្តរាជបូណ៌ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
សម្រាប់ការរៀបចំពិធីបុណ្យរំព្ញកព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងគោលបំណង ដើម្បីលើកឡើងអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរចំនួន ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេស ជាងបណ្តាប្រទេសពុទ្ធសាសនិក នៅលើពិភពលោកទាំងអស់។
ចំពោះលក្ខណៈពិសេសត្រង់ថា ដោយប្រទេសទាំងនោះ មានត្រឹមតែភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរ បានរៀបចំឱ្យមានទាំងភាសាដើម គឺមគធៈភាសា ឬភាសាបាលី និងភាសាខ្មែរ ហើយលើសពីនេះទៅទៀតនោះ លក្ខណៈពិសេសរបស់គម្ពីរព្រះត្រៃបិដកខ្មែរ គឺមានភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង គឺមានទាំងគ្រប់សន្លឹក និងគ្រប់ទាំង ១១០ភាគ។
ម្យ៉ាងវិញទៀត ការររៀបចំពិធីរំព្ញកព្រះឧបការគុណនេះ គឺជាការបំពេញនូវកិច្ចកតញ្ញូ ចំពោះលោកអ្នកប្រាជ្ញបុព្វការីជនរបស់យើង ដែលធម៌កតញ្ញូនេះ ជាកំពូល នៃធម៌មួយក្នុងចំណោមបី ហៅថា ត្រៃកូដធម៌ គឺខន្តិ សច្ចៈ កតញ្ញូ ខណៈពូជសាសន៍ខ្មែរ គឺជាពូជសាសន៍ថ្លៃថ្នូរខ្ពង់ខ្ពស់ មានអារ្យធម៌រុងរឿង ជាពិសេសសម័យមហានគរ នៃអាណាចក្រខ្មែរ។
មិនត្រឹមតែប៉ុណ្ណោះ ស្នាព្រះហស្តរបស់ព្រះមហាសង្ឃរាជ ជួន ណាត គឺមានវចនានុក្រមខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិខ្មែរ បានសិក្សាស្រាវជ្រាវអក្សរ និងខ្លឹមសារពន្យល់ពាក្យខ្មែរជាច្រើន រួមទាំងសម្ដេចបានចងក្រងនូវសៀវ ភៅវេយ្យាករណ៍បាលី គហិបតិបិត្ត សាមណេរវិន័យ បាតិមោក្ខសង្ខេប កាព្យលោកធម៌ សុភមង្គលគាថាបថ្យាវត្ត អត្ថបទផ្សេងៗ ដែលចុះក្នុងទស្សនាវដ្តីកម្ពុជសុរិយា ពន្លឺពុទ្ធចក្រ និងសៀវភៅផ្សេងៗទៀត។
មិនតែប៉ុណ្ណោះ ព្រះអង្គបាន ស្ថាបនាព្រះហារ ស្ពានធំមួយ តូចមួយអំពីថ្ម សាលាបឋមសិក្សាបំពេញវិជ្ជា គិលានដ្ឋានមួយខ្នង និងមន្ទីរសម្ភពមួយខ្នងធ្វើអំពីថ្ម និងកំពែងអំពីថ្មពទ្ធ័ជុំវិញ។ ក្រៅពីនេះព្រះអង្គបានជួយឧបត្ថម្ភឱ្យអណ្តូងទឹក លើកទំនប់ទឹក និងស្ថាបនាអគារសាលារៀន និងមន្ទីរពេទ្យ។ ជាពិសេស ស្នាព្រះហស្ថរបស់ព្រះអង្គ ដែលរំឭកឱ្យឃើញរាល់ថ្ងៃនោះ គឺ “បទនគររាជ” សម្រាប់ភ្លេងជាតិខ្មែរ។










