១៤

មីនា

២០២៦

ការបង្កើតទម្រង់នៃបទល្មើសសម្អាតប្រាក់ ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

MoINFO APP

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានបង្កើតឱ្យមាននូវបទល្មើសព្រហ្មទណ្ឌថ្មី ចំនួន ៥បន្ថែម រួមមាន៖ ១. បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ២. បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា , ៣. បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា , ៤. បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និងទី៥. ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏បានបញ្ជាក់លើផ្នែកនីតិវិធីព្រហ្មទណ្ឌ ត្រូវបានកំណត់នូវវិធានពិសេសមួយចំនួនដូចជា រយៈពេលនៃការឃាត់ខ្លួន ការផ្អាក ការឃាត់ទុក និងការបង្កក ការរឹបអូសទ្រព្យ ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ ការលើកលែងឱ្យរួចផុតពីទោស និងស្ថានសម្រាលទោស និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន ៥ជំពូក និង ២៤មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំង និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងច្បាប់ នៃបណ្តាប្រទេសមួយចំនួន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ៕ ដោយ៖ កន ចំណាន

©2023, រក្សាសិទ្ធិដោយក្រសួងព័ត៌មាន